ចាប់ខ្លួនបុរសសង្ស័យម្នាក់ ករណីបទល្មើសឆបោកប្រាក់តាមបណ្តាញសង្គមលើជនរងគ្រោះ១១នាក់ ក្នុងទំហំទឹកប្រាក់ ២,៥ម៉ឺនដុល្លារ
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ០១រូប ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពទិញ-លក់ទំព័រគណនីហ្វេសប៊ុក និងកម្ចីប្រាក់អនឡាញ ផ្ទេរប្រាក់តាមគណនីធនាគារផ្សេងៗ។ បច្ចុប្បន្ន ជនសង្ស័យរូបនោះ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ការឈានដល់ការចាប់ខ្លួនបុរសជាជនសង្ស័យនោះ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បរុសជនសង្ស័យ ជាជនជាតិខ្មែរ មានទីលំនៅ ខេត្តកំពង់ចាម ជាអ្នកបង្កើតគណនីផ្សព្វផ្សាយកម្ចីប្រាក់ និងបង្កើតទំព័របណ្ដាញសង្គមលក់ ដែលបានធ្វើការឆបោកទៅលើជនរងគ្រោះចំនួន១១នាក់ ក្នុងទំហំទឹកប្រាក់២ម៉ឺន៥ពាន់ដុល្លាសហរដ្ឋអាម៉េរិក។

តាមការស្រាវជ្រាវ និងសួរចម្លើយ ចំនួនជនរងគ្រោះ និងទំហំទឹកប្រាក់អាចមានចំនួនច្រើនជាងចំនួនខាងលើ។ ជនសង្ស័យ បានប្រព្រឹត្តបទល្មើសឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គមតាំងពីអំឡុងឆ្នាំ២០២២មកម្លេះ ដោយបង្កើតគណនីទំនាក់ទំនងសង្គមក្លែងក្លាយ ផ្សព្វផ្សាយពីការផ្តល់ប្រាក់កម្ចីតាមអនឡាញ និងការទិញ-លក់ទំពរ័គណនីហ្វេសប៊ុក ក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះដែលចង់ស្នើសុំប្រាក់កម្ចី ឬទិញទំព័រគណនីហ្វេសប៊ុកពីរូបគេ គេបានផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្ដង។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ បានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ស្នើសុំកម្ចីប្រាក់តាមប្រព័ន្ធអនឡាញ ពីស្ថាប័ននានាដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញទំនាក់ទំនងសង្គម និងការទិញ លក់ទំនិញនានាតាមប្រព័ន្ធអនឡាញ ពីគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុកដែលគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិទៀតផង៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។