គ្រឹះស្ថានហិរញ្ញវត្ថុ បានផ្តល់កម្ចីជិត៦១ពាន់លានដុល្លារ ដល់អាជីវករលក់ដូរ វិស័យសំណង់ កម្មន្តសាល និងវិស័យផ្សេងទៀត ក្នុងរយៈពេល១០ខែឆ្នាំ២០២៤
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបង្ហាញទិន្នន័យឥណទាន ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅក្នុងវិស័យសេដ្ឋកិច្ច ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ មានចំនួន ២៤៧.៦៣១ ប៊ីលានរៀល ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាម៉េរិក។ ចំនួនកើន ២,២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣កន្លងទៅ។

វិស័យដែលគ្រឹះស្ថានហិរញ្ញវត្ថុបានផ្តល់កម្ចីឱ្យនោះ រួមមាន៖ ជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត ដែលធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ថា ជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។

ក្នុងរបាយការណ៍ដែលធនាគារជាតិនៃកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានបែងចែកពីធំហំកម្ចីទៅតាមវិស័យនីមួយៗ ដោយក្នុងនោះវិស័យគ្រឹះស្ថានបានផ្តល់ឱ្យច្រើនជាងគេមាន៖ វិស័យលក់ដុំ និងរាយ មានចំនួន ៦០,៩២៦ប៊ីលានរៀល ស្មើនឹង ២៤,៦% នៃឥណទានសរុប កើនឡើង  ០,០១%។ វិស័យសំណង់ មានចំនួន ២៩,១៩៩ប៊ីលានរៀល ស្មើនឹង ១១,៨% កើនឡើង ៣៣,៣% ។ កម្ចីទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន មានចំនួន ២៧,៦៨៦ប៊ីលានរៀល ស្មើនឹង ១១,២% ដែលថយចុះជិត ៤% ។

ដោយឡែក នៅក្នុងវិស័យអចលនទ្រព្យ គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ បានផ្តល់ចំនួន ២៤,៨៦៣ប៊ីលានរៀល ស្មើនឹង១០% កើនឡើង១៧,៨%។ វិស័យកសិកម្ម មានចំនួន ២៣,៧៥៩ប៊ីលានរៀល ស្មើនឹង៩,៦% ថយចុះជិត១%។ វិស័យសេវាកម្ម មានចំនួន ១៩,៥៨៦ប៊ីលានរៀល ស្មើនឹង៧,៩% ថយចុះបាន ៥,៨%។ វិស័យកម្មន្តសាល មានចំនួន ១០,៣៦៧ប៊ីលានរៀល ស្មើនឹង៤,២% កើនឡើង ៥%។ អង្គភាពគ្រួសារ មានចំនួន ២,៥៩១ប៊ីលានរៀល ស្មើនឹង១,១% ដែលមានថយចុះបានរហូតដល់ ៦០,៤% និងវិស័យផ្សេងៗទៀត មានទំហំចំនួន ៤៨,៦៥៤ប៊ីលានរៀលផងដែរ៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។