កម្ពុជា ជំរុញឱ្យវៀតណាម បណ្តាក់ទុនវិនិយោគបន្ថែម ខណៈជាប់ចំណាត់ថ្នាក់ទី៣ ដែលទំហំទឹកប្រាក់ ៥៥៧លានដុល្លារ
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកទឹកចិត្តដល់វិនិយោគិនវៀតណាមបន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសលើវិស័យដែលមានសក្ដានុពលខ្ពស់ដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មនៅប្រទេសវៀតណាម។

ការលើកទឹកចិត្តនេះ ធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងបង្កលក្ខណៈសម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងផងដែរថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទុនវិនិយោគរបស់វៀតណាមនៅកម្ពុជា ជាប់ចំណាត់ថ្នាក់ទី៣ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៥៥៧លានដុល្លារអាម៉េរិក ខណៈវិស័យអាទិភាពដែលឯកឧត្តម ជា វុទ្ធី បានលើកឡើងនោះសម្រាប់ការវិនិយោគនោះ រួមមាន៖ កសិកម្ម និងកសិ-ឧស្សាហកម្ម, កម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក, បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ, និងឧស្សាហកម្មកម្មន្តសាលដទៃទៀត។ បន្ថែមពីនេះ ឯកឧត្តម ជា វុទ្ធី បានអំពាវនាវដល់វិនិយោគិន និងធុរជនដែលមិនទាន់បានវិនិយោគនៅកម្ពុជា ឱ្យមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់ធ្វើការសម្រេចចិត្តដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា របស់ CDC បានគូសបញ្ជាក់អំពីសារសំខាន់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិកដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន និងនិន្នាការសកលនៃយុគសម័យឌីជីថល ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម និងពេលវេលា, បង្កើនការលក់ និងផលិតភាព ព្រមទាំងលទ្ធភាពក្នុងការពង្រីកវិសាលភាពទីផ្សារបានលឿនរហ័ស៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។