កម្ពុជា សម្រេចបង្កើតស្ថានទូតប្រចាំនៅប្រទេសទីម័រឡេស្ដេ ដែលមានការិយាល័យនៅទីក្រុងឌីលី
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យដោយសម្រេចបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី។ ក្នុងអនុក្រឹត្យដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចុះហត្ថលេខានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្ម ០១រូប ដែលមានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។

ចំណែក សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា និងត្រូវកំណត់តាមតម្រូវការនៃការងារជាក់ស្តែង។ រីឯ ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូតនេះ ត្រូវស្ថិតនៅក្នុងប្រភេទ”ខ”។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។