ដោយមានការអញ្ជើញចូលរួមពីអនុប្រធានអចិន្ដ្រៃយ៍ អនុប្រធាន ហេរញ្ញិគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង១៤ និងក្រុមប្រតិបត្តិសាខាសរុបចំនួន៣០រូប កិច្ចប្រជុំនេះប្រារព្ធធ្វើនៅសាលប្រជុំសាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង ។
លោក កុសុម សុភីនារ៉ា នាយកសាខា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ ផល ប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅ ឆ្នាំ ២០២៤ នេះសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបងសម្រេចបានក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមាន ទី១.ការងារគ្រប់គ្រងគ្រោះមហន្តរាយ ទី ២.ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ទី ៣.ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី៤ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធាន និងឈរលើគោលកាណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាខេត្ត អនុសាខាក្រុងស្រុកឡើយ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅនេះសាខាខេត្តបាត់ដំបង អនុសាខាក្រុងស្រុកទាំង១៤ បានផ្តល់អំណោយមនុស្សធម៌សរុបបានចំនួន១៦១ លើក គ្រួសារទទួលផលស្មើ ២,០២៨គ្រួសារមានមនុស្សរាយ ចំនួន ៦,១១៨នាក់/ស្រី៣,០៦០នាក់ មកពី ភូមិចំនួន៣៦២ភូមិ លើឃុំសង្កាត់ចំនួន១៩៣ក្នុងនោះអំណោយសាខាខេត្តផ្ទាល់ ចំនួន១,៤៨៣គ្រួសារ និង,អំណោយរបស់អនុសាខាក្រុង/ស្រុកផ្ទាល់ចំនួន៥៤៥គ្រួសារ ក្នុងនោះសាខាបានផ្តល់អំណោយដល់គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ១៥០នាក់ និងបានធ្វើផ្ទះប្រគល់ជូនគ្រួសារងាយរងគ្រោះចំនួន ៦ខ្នងផ្ទះដល់គ្រួសារងាយរងគ្រោះផងដែរ ។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងនូវការកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសាខានិងមន្ត្រីក្រុមប្រតិបត្តិសាខា និងអនុសាខាដែលបានខិតខំ បំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៎របស់ខ្លួន ក្នុងការជំរុញសកម្មភាពធ្វើឲ្យសម្រេចបាននូវលទ្ធផល គួរឱ្យកត់សំគាល់។ ឯកឧត្តមក៏បានណែនាំនិងជម្រុញអំពីវិធានការចាំបាច់មួយចំនួន ដោយត្រូវត្រួតពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំងមធ្យោបាយ ថវិកានិងសម្ភារៈក្នុងការចុះជួយអន្តរាគមន៍ឆ្លើយតបឲ្យបានទាន់ពេលវេលា ដល់ជនដែលងាយរងគ្រោះ ក្នុងខណៈពេលមានគ្រោះអាសន្នកើតឡើងនិងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើងភ្លាមៗ ។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសំណូមពរនិងបានដាស់តឿនដោយក្រើនរំឭក ដល់មន្រី្តប្រតិបត្តិសាខា និងអនុសាខាទាំងអស់ ត្រូវបន្តខិតខំនិងលះបង់នូវស្មារតីក្នុងការចូលរួមបន្តអនុវត្តគ្រប់សកម្មភាពមនុស្សធម៌លើការងារវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរនិងសកម្មផុលផុសក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត ។
កិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខា និងអនុសាខាដែលក្នុងនោះគឺសកម្មភាពការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាលនិងហិរញ្ញកិច្ច ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍ របស់អនុសាខា ដោយមានផែនការសកម្មភាពមួយជាក់លាក់ ជាពិសេសក្នុងឱកាសខួបទី១៦២ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ និងការរៀបចំសន្និបាតគណៈកម្មាធិការសាខាអាណត្តិទី៦ នាពេលខាងមុខ ។ សាខា អនុសាខាក្រុងស្រុកទាំងអស់ត្រូវ ខិតខំរួមគ្នាគៀងគររកសប្បុរសជន មានព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋានដើម្បីជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ជាថវិកាក្តី ជាសម្ភារៈក្តី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋានជាបន្តទៀត ។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានផ្តល់ប័ណ្ណសសើរ និងថ្លែងអំណរគុណដល់អនុសាខាក្រុងស្រុកទាំង១៤ ដែលមានស្នាដៃល្អក្នុងការខិតខំបំពេញការងារក្នុងការឆ្លើយតបសកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋានរបស់ខ្លួន និងបានប្រគល់ប័ណ្ណអប់រំផ្សព្វផ្សាយស្តីពីសុខភាព និងឯកសារមួយចំនួនផងដែរ ។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង