ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វិទ្យាស្ថានជាតិអប់រំមានផ្ទៃក្រឡាសរុប ២៧,១៩៨ម៉ែត្រក្រឡា ទទួលបានការកែលម្អទាំងស្រុងទាំងក្នុង និងក្រៅបរិវេណ ដូចខាងក្រោម៖
១. ការសាងសង់អគារសិក្សាមហាវិទ្យាល័យគរុកោសល្យមួយខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
២. ការសាងសង់បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មួយខ្នង មានកម្ពស់ ៥ជាន់ ស្មើនឹង ៣៧បន្ទប់ ក្រោមហិរញ្ញប្បទានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
៣.ជួសជុលអគារបេតិកភណ្ឌ អគារសិក្សា និងអគារការិយាល័យចំនួន ១៦ ដែលរួមទាំងអគារសិក្សានៃវិទ្យាល័យអនុវត្ត និងបឋមសិក្សាអនុវត្ត។
៤.សាងសង់ខ្លោងទ្វារ របងព័ទ្ធជុំវិញប្រវែង ៦៤២ម៉ែត្រ និងខឿនព័ទ្ធជុំវិញទំហំ ២,៥០០ម៉ែត្រការ៉េ ដោយរក្សារចនាបទដើម និងដើមឈើទាំងអស់នៅលើខឿន។
៥. រៀបចំសួនច្បារ ទីលានកីឡា ចំណតយានជំនិះ អាហារដ្ឋាន ប្រព័ន្ធផ្លូវ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការរៀន និងបង្រៀនក្នុងបរិបទឌីជីថល។
៦. បំពាក់សម្ភារៈពិសោធន៍មុខវិជ្ជាវិទ្យាសាស្ត្រនៅក្នុងបន្ទប់ពិសោធន៍។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃនេះនិស្សិត និងគរុនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យ សរុបចំនួន ២៧៥នាក់ ស្រី១១៩។