សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម Anwar Ibrahim ពាក់ព័ន្ធនឹងការវិវត្តនៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាពិសេសសកម្មភាពបំពាន និងហិង្សារបស់កងកម្លាំងចម្រុះថៃ មកលើប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួបតាមទូរសព្ទនោះ សម្តេចធិបតី បានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំឱ្យមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជា និងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កន្លងទៅ។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដដែលនោះ ឯកឧត្តម Anwar Ibrahim ក៏បានពិភាក្សាជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីថៃ តាមទូរសព្ទ ពាក់ព័ន្ធនឹងស្ថានការណ៍តានតឹងនៅបន្ទាត់ព្រំដែនកម្ពុជា និងថៃ ផងដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី Bernama ដកស្រង់ពីគណនីហ្វេសប៊ុករបស់ឯកឧត្តម Anwar Ibrahim។ “យើងបានពិភាក្សាគ្នាពីស្ថានភាពវិវត្តន៍នៅតាមបន្ទាត់ព្រំដែនរវាងថៃ និងកម្ពុជា។ ខ្ញុំបានសង្កត់ធ្ងន់លើសារៈសំខាន់សម្រាប់ភាគីទាំងអស់ក្នុងការថែរក្សាសន្តិភាព និងចៀសវាងសកម្មភាពណាមួយដែលបង្កភាពតានតឹងកើនឡើង”។
បន្ថែមពីលើនេះ ឯកឧត្តម Anwar Ibrahim ក៏បានអំពាវនាវឱ្យដោះស្រាយបញ្ហានានានៅតុចរចាតាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ហើយម៉ាឡេស៊ីជឿជាក់ថា ស្មារតីនៃកិច្ចសន្ទនា ការទូត និងការយោគយល់គ្នា គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សូមរម្លឹកថា ការប៉ះទង្គិចកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ដោយកម្លាំងចម្រុះថៃបានបំពាន និងប្រើហិង្សា ដោយបានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសម្លេងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា និងកងកម្លាំងដែលមិនប្រដាប់ដោយអាវុធ រួមទាំងព្រះសង្ឃ ចំនួន ៣០អង្គ/នាក់ បានរងរបួសធ្ងន់ និងស្រាល៕

