ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងសិង្ហបុរី
លោក Xi Jinping និង ប្រធានាធិបតីសិង្ហបុរី ផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងសិង្ហបុរី
នាថ្ងៃទី ៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសសិង្ហបុរីក្នុងការយកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាស ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញទំនាក់ទំនងភាពជាដៃគូចក្ខុវិស័យវែងឆ្ងាយដែលប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍកាន់តែច្រើន ក៏ដូចជារួមចំណែកកាន់តែច្រើនដល់សន្តិភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។ លោក Tharman Shanmugaratnam បានថ្លែងថា នៅឆ្នាំ២០២៣ ទំនាក់ទំនងសិង្ហបុរី-ចិន ត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងភាពជាដៃគូចក្ខុវិស័យវែងឆ្ងាយដែលប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ។ គម្រោងសហប្រតិបត្តិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរបន្តដំណើរការ ដោយបំពេញបន្ថែមលក្ខណៈថ្មីៗជាបន្តបន្ទាប់ និងបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិង្ហបុរីនិងចិននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី។ នាថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្រ្តីចិននិងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានផ្ញើសារអបអរសាទរទៅវិញទៅមក។ លោក Li Qiang បានសម្តែងនូវឆន្ទៈរបស់ប្រទេសចិនក្នុងការពង្រឹងបន្ថែមទៀតនូវការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយសិង្ហបុរី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ និងវិបុលភាព និងស្ថិរភាពក្នុងតំបន់។ លោក Lawrence Wong បានថ្លែងថា សិង្ហបុរីមានឆន្ទៈបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងគ្រប់វិស័យ និងរួមគ្នាគាំពារពាណិជ្ជកម្មសេរី និងប្រព័ន្ធពហុភាគី៕

Kim Panha
Official Verified Account