រោងចក្រផលិតទឹកស្អាតបឹងធំ ៦ពាន់ម៉ែត្រគូប/ថ្ងៃ បានពង្រីកវិសាលភាពទឹកស្អាតឱ្យពលរដ្ឋ ៣ពាន់គ្រួសារ នៅណ្ឌកំបូល
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចសមិទ្ធិផលថ្មីមួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាត ៦.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្មនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយរោងចក្រថ្មីនេះ នឹងពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣.០០០គ្រួសារ នៅក្នុង១០ភូមិ នៃខណ្ឌកំបូល រាជធានីភ្នំពេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារសំខាន់នៃរោងចក្រផលិតទឹកស្អាតនេះ ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកទឹកជាអាទិភាពគន្លឹះទីបី។ ឯកឧត្តមបានលើកឡើងថា ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យទឹកស្អាត ដោយក្នុងនោះ មានគម្រោងចំនួន៣១ ដែលបានអនុវត្តរួច និងកំពុងអនុវត្ត រួមមានទាំងគម្រោងកសាងសមត្ថភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាតនៅទូទាំងប្រទេស។ រោងចក្រផលិតទឹកស្អាតបឹងធំ គឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯង បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមេ្លច នៅខេត្តកំពត។ រោងចក្រថ្មីនេះ ផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាពស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងស្តង់ដារគុណភាពទឹកស្អាតរបស់អង្គការសុខភាពពិភពលោក។

សូមជម្រាបផងដែរថា បច្ចុប្បន្ន ផែនការមេវិស័យទឹកស្អាតរាជធានីភ្នំពេញ ដំណាក់កាលទី៣ ឆ្នាំ២០២១-២០៣០ បានព្យាករណ៍ថា តម្រូវការទឹកស្អាតនឹងកើនឡើងដល់ប្រមាណជាង ១,៨ លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០៣០។ ក្រោយដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតបឹងធំ សមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងកើនឡើងពី ៩៨២.០០០ ទៅដល់ ៩៨៨.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលគាំទ្រដោយបណ្តាញចែកចាយទឹកស្អាតប្រវែង ៤.៨៧០ គីឡូម៉ែត្រ៕៨៧០ គីឡូម៉ែត្រ៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។