ជាក់ស្តែងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច»នៅខេត្តតាកែវ ក្រោមវត្តមានលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃ ន.ធ.ក. និងលោក ម៉ម កាយ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ រួមទាំងតំណាងក្រុមការងារអន្តរក្រសួង មន្ទីរជំនាញ អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តតាកែវផងដែរ។
គោលបំណងនៃសិក្ខាសាលានេះដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការធានារ៉ាប់រងឱ្យកាន់តែទូលាយដល់សាធារណជន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន, សំខាន់រួមចំណែកការពារផលប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកទទួលការធានារ៉ាប់រង តាមរយៈការបង្ហាញពីមូលដ្ឋានគ្រឹះ ប្រភេទអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ព្រមទាំងតួនាទី និងភារកិច្ចរបស់ ន.ធ.ក.។
តាមរយៈសិក្ខាសាលាខាងលើនេះ សិក្ខាកាមបានយល់ដឹង និងគាំទ្រចំពោះការប្រើប្រាស់ការធានារ៉ាប់រងជាមធ្យោបាយសម្រាប់ផ្ទេរ និងសម្រាលបន្ទុកហិរញ្ញវត្ថុ នៅពេលមានហានិភ័យកើតឡើង។ទន្ទឹមនោះក៏បានយល់ដឹងកាន់តែច្បាស់ផងដែរអំពីប្រភេទនៃការធានារ៉ាប់រងជាកាតព្វកិច្ច ហើយក៏បានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលជុំវិញសារៈសំខាន់នៃកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ការជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច មានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនៃការដ្ឋានសាងសង់ និងចំនួនយានយន្តប្រកបអាជីវកម្មដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើង ដែលបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកស្រីបណ្ឌិតក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យធានារ៉ាប់រងនៅកម្ពុជា៕