ការលើកឡើងយ៉ាងដូច្នេះ ធ្វើនៅក្នុងពិធីសម្ពាធ ក្រុមហ៊ុនសម្បត្តិ សិរីវុឌ្ឍ អ៊ិនធើណេសិនណល ឯ.ក លក់ម៉ូតូអគ្គិសនី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយឯកឧត្តមអនុរដ្ឋលេខាធិការ រូបនេះ បន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូន គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការ«អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា»។
ឯកឧត្តម ឯក រដ្ឋ ក៏បានគូសបញ្ជាក់ពីសារសំខាន់ពីប្រទេសមានសុខសន្តិភាព ហើយក្រុមហ៊ុនមានជំនឿទុកចិត្ត បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដាក់ទុនវិនិយោគ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពី«ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ដែលគោលនយោបាយនេះ បានដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់។ បន្ថែមពីនេះ គឺការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗ ផ្អែកលើយន្តការទីផ្សារ និងទៅតាមលទ្ធភាព និងធនធានរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់យកកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចកម្ពុជា។
លើសពីនេះទៅទៀត រាជរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥- ២០៥០ យុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងជាពិសេសកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គឺចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យាការកាត់បន្ថយការបំភាយកាបូន ព្រមទាំងតម្រូវការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០៕