ក្នុងសេចក្តីប្រកាសស្តីពី«ការលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ»នោះ មានវិសាលភាពអនុវត្តចំពោះសហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល២ឆ្នាំពេញ ពោលគឺចាប់ពីចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដែលអាករពិសេសនោះ ក្នុង អត្រា ៥ ភាគរយ។
ដើម្បីទទួលបានការអនុគ្រោះពន្ធអាករពិសេសខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឱ្យសហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុកទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ច ដោយត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករដែលត្រូវបានចាត់ទុកជា បន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ។
ទន្ទឹមនឹងនេះ ត្រូវកាន់ កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យនិងព័ត៌មាន ដែលទាក់ទិននឹងសកម្មភាព អាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន, ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យ បានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។
បន្ថែមពីនេះ ក្រសួងក៏ត្រូវឱ្យសហកគ្រាសផលិតផលស៊ីម៉ងត៍ទាំងនោះ បំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជា៖ ការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថាននិងសង្គម ជាដើម។ ចុងក្រោយក៏តម្រូវឱ្យរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថ្លៃដើម សមត្ថភាព ផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅ បុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គម៕