សន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានា ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤ កន្លងទៅ ព្រមទាំងកំណត់នូវទិសដៅអាទិភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងព័ត៌មាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវការណែនាំ និងផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួន សំដៅធានាបាននូវការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈ ជូនដល់សាធារណជន។
សន្និបាតនេះ មានការធ្វើបទបង្ហាញ ពិភាក្សា និងផ្លាស់ប្តូរយោបល់លើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ព្រមទាំងទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៥ ផងដែរ៕