ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំនេះបានពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួនបី រួមមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។
៣- របាយការណ៍វឌ្ឍនភាព នៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។