ចិននឹងសម្រួលថែមទៀតនូវបរិយាកាសវិនិយោគនិងពាណិជ្ជកម្ម ដើម្បីស្រូបទាញទុនវិនិយោគបរទេសកាន់តែច្រើន និងចែករំលែកផលលាភនៃទីផ្សារជាតិបង្រួបបង្រួមរបស់ចិន ។ ដោយឡែក ការពង្រីកជាបន្តបន្ទាប់នូវគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទេសចរបរទេសនឹងជំរុញថែមទៀតនូវការផ្លាស់ប្តូរប្រជាជននិងវប្បធម៌រវាងចិននិងបរទេស ។
តាំងពីដើមមក ប្រទេសចិនមិនដែលផ្តោតតែលើការអភិវឌ្ឍរបស់ខ្លួននោះទេ ពោលគឺចិនប្រកាន់ខ្ជាប់ជានិច្ចនូវពហុភាគីនិយម សមាហរណកម្មតំបន់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដូចការគូសរំលេចជាច្រើនលើករបស់ថ្នាក់ដឹកនាំចិនថា «ការអភិវឌ្ឍរបស់ចិនគឺជាការអភិវឌ្ឍរបស់ពិភពលោក ឱកាសអភិវឌ្ឍន៍របស់ចិនជាឱកាសអភិវឌ្ឍន៍របស់ពិភពលោក»។ ជាក់ស្តែង អ្វីដែលយើងមើលឃើញផ្ទាល់នឹងភ្នែកគឺ ចិនបានរួមចំណែកមិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់និងពិភពលោក ពិសេសឯករាជ្យភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសសកលខាងត្បូង ។ យើងអាចជឿជាក់បានថា «ផែនការអភិវឌ្ឍន៍៥ ឆ្នាំទី១៥» របស់ចិនប្រាកដជាមិនត្រឹមតែជាផែនការអភិវឌ្ឍន៍របស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពុទ្ធិដ៏មានតម្លៃសម្រាប់រួមចំណែកដល់ការអភិវឌ្ឍរបស់ពិភពលោកនាពេលអនាគតផងដែរ ៕