បើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ តាមរយៈវិធានការដែលដាក់ឱ្យអនុវត្តនៅក្នុងកម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុនេះ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ៤ប្រភេទ រួមមាន៖
ទី១. គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង
ទី២. គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៤
ទី៣. ការពង្រីកគម្រោងដែលមានស្រាប់។
ចំពោះទី៤. គម្រោង វិនិយោគ/ធុរកិច្ច ដែលមានស្រាប់នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងនោះ រួមមានការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗមួយចំនួន ការលើកលែងកម្រៃសេវាចុះបញ្ជី ការសម្រួលនីតិវិធីបង់ពន្ធជាកញ្ចប់តាមដំណាក់កាល ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះ ការធ្វើសវនកម្មពន្ធដារព្រមទាំងការផ្តល់ការលើកទឹកចិត្តដោយពន្ធអាករជាបន្ទុករបស់រដ្ឋលើការផលិត និង/ឬការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍គោលដៅទេសចរណ៍ក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំលើកទី១២ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹង អគារជាប់គាំងចំនួន១៦, គម្រោងថ្មីចំនួន២៨ និងការពង្រីកគម្រោងចំនួន៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារ។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំដដែលនេះ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងវិនិយោគនៅខេត្តព្រះសីហនុចំនួន២១៣ គម្រោង ទទួលបានការលើកទឹកចិត្តពិសេស ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមាន ចំនួន១០១ គម្រោងថ្មីមានចំនួន៨៩ ការពង្រីកគម្រោងមានចំនួន១៩ និងគម្រោងមានស្រាប់មានចំនួន៤៕