រាជធានីភ្នំពេញ– នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានេះត្រូវបានរៀបចំឡើងនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ក្នុងគោលបំណងពង្រឹងនូវទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-ដាណឺម៉ាក។