គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៦៨% ហើយ ដោយលឿនជាងផែនការដែលបានកំណត់
ភ្នំពេញ៖ វឌ្ឍនភាពនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម ទៅកាន់ព្រែកប្រា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៦៨% ហើយ។

យោងតាមការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សកម្មភាពសាងសង់កំពុងដំណើរការយ៉ាងសកម្ម ដែលធ្វើឱ្យវឌ្ឍនភាពការងារជាក់ស្តែង លឿនជាងផែនការដែលបានគ្រោងទុកចំនួន ៦%។ លោកបានបែងចែករបាយការណ៍បច្ចេកទេសតាមផ្នែកសំខាន់ៗដូចខាងក្រោម៖

១. ផ្នែករចនាសម្ព័ន្ធស្ពាន

  • គ្រឹះស្ពាន៖ បានបញ្ចប់ការងារ ១០០% ជាស្ថាពរ។

  • រចនាសម្ព័ន្ធក្រោមស្ពាន៖ សម្រេចបាន ៨៩%។

  • រចនាសម្ព័ន្ធលើស្ពាន៖ សម្រេចបាន ២៨% (ក្នុងនោះ ការងារផលិតធ្នឹម T ចំនួន ១៨០ដើម សម្រេចបាន ១៣២ដើម និងការងារចាក់ធ្នឹម T នៅកន្លែងផ្ទាល់ចំនួន ១៨០ដើម សម្រេចបាន ១៥៦ដើម)។

២. ប្រព័ន្ធបណ្តាញផ្លូវតភ្ជាប់

  • បណ្តាញផ្លូវសរុប៖ សម្រេចបាន ៤៤,៤%។

  • ផ្លូវតភ្ជាប់៖ សម្រេចបាន ៥០%។

  • ផ្លូវបង្វែរទិស (Ramp): សម្រេចបាន ៤២%។

សូមរំលឹកផងដែរថា គម្រោងស្ពានយុទ្ធសាស្ត្រនេះ បានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

តាមការគ្រោងទុក ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅចុងឆ្នាំ២០២៧ ដែលនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។