ប៉ូលិស នឹងដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥តទៅ
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន និងជូនដំណឹងដល់សាធារណជន ដោយអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី- ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥តទៅ។

សេចក្តីប្រកាសព័ត៌ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការអនុវត្តនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងធានាគ្រប់គ្រងប្រកបដោយតម្លាភាពនូវការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានបណ្ណបើកបរ យានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត តាមរយៈសេចក្តីប្រកាសនេះ ជឿជាក់លើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការអនុវត្ត ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែប្រសើរជាលំដាប់៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។