ឯកឧត្តមអ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះសីហនុ ក៏បានចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវរួមចំណែកជម្រុញប្រសិទ្ធភាពការងារ
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះសីហនុ ក៏បានចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវរួមចំណែកជម្រុញប្រសិទ្ធភាពការងារ និងកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីព័ត៌មាន ពិសេសក្នុងក្របខណ្ឌនៃការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ដូច្នេះទាំងអាជ្ញាធរ និងមន្ត្រីព័ត៌មានត្រូវបន្តពង្រីកចំណេះដឹង និងការចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI ដើម្បីជួយសម្រួលដល់ការងារ គួបផ្សំនឹងការចេះប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធភាពសម្រាប់ការផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន។ 

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍គូសបញ្ជាក់ថា តួអង្គទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ ដោយត្រូវប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនសម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកម្ពស់ប្រព័ន្ធផ្សព្វផ្សាយជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម ដើម្បីធានាសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវនាយុគសម័យឌីជីថល និងបម្រើប្រយោជន៍សាធារណៈ រក្សាការពារសន្តិសុខនិងសុខដុមនីយកម្មសង្គម ព្រមទាំងចូលរួមធានាភាពធន់សម្រាប់សហគមន៍ និងការអភិវឌ្ឍដោយនិរន្តរភាព។

សូមបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានកម្ពុជាបានចេញបណ្ណសារព័ត៌មានដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៨៧២៣បណ្ណ ដែលមានអង្គភាពព័ត៌មានចុះបញ្ជីសរុបចំនួន១៦២០ ៕

Kim Panha
Official Verified Account