នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គ ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ចេញផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ព្រះករុណាព្រះមហាក្សត្របានគូសបញ្ជាក់ថា« ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមអនុមោទនាមហាកុសលដោយសេចក្តីជ្រះថ្លាយ៉ាង ក្រៃលែង រួមជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដែល នឹងប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ»។ ព្រះអង្គបានបន្តថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិធំមួយ ដែលតែងតែប្រារព្ធជា រៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ និងមានអត្ថន័យដ៏ធំ ធេងណាស់សម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើតដូនតា ដើម្បីបានជួបជុំគ្នានៅតាមលំនៅឋាន វត្តអារាម ធ្វើបុណ្យទានសម្តែងនូវកតញ្ញូចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនបុព្វការីជន ដែលទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ ថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។ ជាពិសេស ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋាន មាន ឱកាសបានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូម វិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ អញ្ជើញទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ១រោចដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ប្រព្រឹត្តទៅក្នុងគោលបំណងសំខាន់ៗ រួមមាន បង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម។ បញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផល ធញ្ញាហារផ្សេងៗ របស់ប្រជាជនខ្មែរ។ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា។ សម្តែងនូវភាពកតញ្ញូកតវេទី។ ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូប កុំឱ្យមានសេចក្តីប្រមាថក្នុងការធ្វើអំពើបាបនានា។ ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជននិងពពួកញាតិ និងសន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន។ ទន្ទឹមនេះ បន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង។ ជាងនេះទៀត ដើម្បីឱ្យការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដំណើរការនិងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ក្រសួង ក្រសួងធម្មការនិងសាសនា បានទូលថ្វាយ ប្រគេន និងធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ យកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អ ប្រសើរជូនពុទ្ធបរិស័ទប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព្រមទាំងរៀបចំបង្សុកូលឧទ្ទិសមហាកុសលជូន ដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព បុព្វបុរស ជនរួមជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាម ប្រពៃណីព្រះពុទ្ធសាសនា។ ក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គ្រប់វត្តអារាម បើទទួលបានទេយ្យទាន (មានភោជនាហារ នំ ចំណីជាដើម) លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក ចាស់ព្រឹទ្ធាចារ្យ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗទៀត៕