ពិធីចុះហត្ថេលខា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកស្រី Holly Porter នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Chartered Insurance Institute(CII)។ បើតាមលោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា វិទ្យាស្ថាន Chartered Insurance Institute(CII) គឺជាវិទ្យាស្ថានជំនាញធានារ៉ាប់រង ដែលមានមូលដ្ឋាននៅទីក្រុងឡុង ចក្រភពអង់គ្លេស និងមានសាខានៅទីក្រុងហុងកុង។ ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលដៅពង្រឹងធនធានមនុស្ស និងជំនាញធានារ៉ាប់រងនៅកម្ពុជា ដោយសារវិទ្យាស្ថាននេះ មានឯកទេសក្នុងការបណ្តុះបណ្តាលជំនាញធានារ៉ាប់រងនៅលើពិភពលោក។
លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងបន្ថែមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ស្ថាប័នទាំងពីរ នឹងពិនិត្យរួមគ្នាក្នុងការពង្រឹងតាមមុខជំនាញធានារ៉ាប់រងដែលវិទ្យាស្ថាន CII នេះមាន ដល់មន្ត្រីនិយ័តករធានារ៉ាប់រង និងអ្នកបម្រើការក្នុងវិស័យធានារ៉ាប់រង។ លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា “ ជាការពិតទោះបីវិស័យធានារ៉ាប់រង បានចាប់ផ្តើមរយៈពេលជាង ២០ឆ្នាំក៏ពិតមែន តែបើនិយាយពីអ្នកមានជំនាញក្នុងវិស័យនេះ គឺនៅខ្វះ។ ក្នុងនោះ នៅតាមសាកលវិទ្យាល័យនានា ក៏មិនទាន់មានវគ្គបណ្តុះបណ្តាលជំនាញធានារ៉ាប់រងច្បាស់លាស់នោះទេ ដូចនេះហើយ និយ័តករ បានកំពុងសហការជាមួយសាកលវិទ្យាល័យក្នុងស្រុកលើការងារនេះ។
យើង ត្រូវការពេលវេលា និងកំពុងខិតខំប្រឹងប្រែងដើម្បីកសាងធនធានមនុស្សក្នុងវិស័យនេះ ឱ្យបានច្បាស់លាស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព”។ លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងផងដែរថា និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានរៀបចំនីតិវិធីរួចរាល់ហើយ ក្នុងការត្រៀមបើកដំណើរការនូវសាលាបណ្តុះបណ្តាលវិជ្ជាជីវៈធានារ៉ាប់រង ដែលគ្រោងចេញជាផ្លូវការនៅឆ្នាំ២០២៧ខាងមុខនេះ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ និយ័តករ កំពុងសាងសង់អាគារសាលាបណ្តុះបណ្តាលនេះ ហើយនឹងសាហការជាមួយវិទ្យាស្ថាន CII ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលនានាឱ្យស្របតាមស្តង់ដារអន្តរជាតិ៕







