ឯកឧត្តមបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយជនជាតិខ្មែរ គឺបានបង្កើនឡើង ដោយក្រុម ដែលមិនមែនជាសម្ព័ន្ធមិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងមួយចំនួនបង្កើតឡើងដោយ អ្នកកាសែតមួយចំនួនដែលខ្វះក្រមសីលធម៌វិជ្ជាជីវៈ ដែលកើតមានស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ។ ការណ៍នេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថាតម្រូវឱ្យ ក្រសួងព័ត៌មាន មន្ទីរព័ត៌មាន និងអ្នកពាក់ព័ន្ធប្រឹងប្រែងធ្វើការងារច្រើន លើការងារប្រយុទ្ធប្រឆាំងលើព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីរក្សាបាននូវ សុខសុវត្ថិភាព សន្តិភាព ស្ថេរភាពសង្គម និងការពារបូរណភាពទឹកដី។
ឯកឧត្តម ថ្លែងបែបនេះក្នុងឪកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំពាក់បំប៉នស្តីពី «ការពង្រឹងសមត្ថភាពព័ត៌មាន និង សាធារណមតិ » ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានចំនួន៦ មានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តមានជ័យ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទីទី១៧ ដល់១៨ ខែកញ្ញាឆ្នាំ២០២៥ នៅសាល ប្រជុំរដ្ឋបាលខេត្តបាត់ដំបង ។
ឯកឧត្តមបន្តថាក្នុងនាមជាមន្ទីរព័ត៌មានដែលជាអ្នកសារព័ត៌មានរដ្ឋ ត្រូវគិតថាតួនាទីរបស់យើងជាអ្នកឃោសនា ត្រូវប្រឈម នឹងសមរភូមិទស្សនៈចំរុះ ដែលកើតចេញពីផ្ទៃក្នុង និងខាងក្រៅ ។ ដូច្នេះត្រូវ ពង្រឹងសមត្ថភាព ពិសេសត្រូវពង្រឹងផ្នែកបច្ចេកវិជ្ជា ឌីជីថល នឹងធ្វើការអ្នកសម្របសម្រួលជាមួយមន្ទីរនានា ក្នុងខេត្តដើម្បី ធ្វើការបញ្ជូនព័ត៌មានពិត រឺសេចក្តីបំភ្លឺនានា ឆ្លើយតបបានទាន់ពេលវេលា ដល់ សាធារណជន និង ផ្តល់ព័ត៌មានដល់អភិបាលខេត្ត និងក្រសួងបានដឹងផងដែរ ៕



